ការកកើតនៃព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា
ការកកើតស្ថាប័នព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា
បន្ទាប់ពីការបោះឆ្នោតជាសកលលើកដំបូង ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៣ សភាធម្មនុញ្ញមួយបានចាប់បដិសន្ធិឡើងនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៩៩៣ ដើម្បីតាក់តែងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។អំណាចក្នុងការគ្រប់គ្រងរដ្ឋ ត្រូវបានបែងចែកដាច់ពីគ្នាជាបី គឺអំណាច នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងអំណាចតុលាការ។ នៅពេលរដ្ឋធម្មនុញ្ញបានចូលជាធរមាន សភាធម្មនុញ្ញបានក្លាយទៅជារដ្ឋសភានីតិកាលទី១ ហើយបានដំណើរការក្នុងនាមជាស្ថាប័ននីតិប្បញ្ញត្តិតែមួយគត់ របស់ព្រះរាជាណាចក្រកម្ពុជាពេញមួយ នីតិកាល។ ក្រោយការបោះឆ្នោតជាសកល ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី២ នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ១៩៩៨ វិបត្តិនយោបាយ ផ្ទៃក្នុងមួយបានកើតឡើង។ ដើម្បីដោះស្រាយវិបត្តិនេះ កិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃគណបក្សនយោបាយធំទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិចបានប្រារឰឡើងពីថ្ងៃទី១២-១៣ ខែវិច្ឆិកា ឆ្នាំ១៩៩៨ នាប្រាសាទខេមរិន្ទ ព្រះបរមរាជវាំង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ដែលនៅពេលនោះ ព្រះអង្គទ្រង់ជាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ តាមរយៈលទ្ធផលនៃកិច្ចប្រជុំកំពូលនេះ ស្ថាប័នព្រឹទ្ធសភា ត្រូវបានបង្កើតឡើង និងក្លាយជាចំណែកមួយនៃស្ថាប័ននីតិប្បញ្ញត្តិជាតិ ដែលមានពីរថ្នាក់ បន្ទាប់ពីរដ្ឋធម្មនុញ្ញនីតិកាលទី២ បានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣។ ព្រឹទ្ធសភានីតិកាលទី១ កើតឡើងដោយការតែងតាំង និងមានអាណត្តិ៥ឆ្នាំ។ សមាជិកចំនួន៦១រូប ត្រូវបានជ្រើសរើសពីក្នុងចំណោមឥស្សរជនជាន់ខ្ពស់ នៃគណបក្សនយោបាយ ដែលមានអាសនៈនៅក្នុងរដ្ឋសភានីតិកាលទី២។