សំណួរប្រឡងនីតិព្រហ្មទណ្ឌទូទៅ

សំណួរ - ចម្លើយខ្លីៗអំពី
នីតិព្រហ្មទណ្ឌទូទៅ

និយមន័យនៃនីតិព្រហ្មទណ្ឌ។
-​នីតិព្រហ្មទណ្ឌគឺជា សំណុំវិធានច្បាប់ទាំងឡាយដែលមានគោលដៅផ្តន្ទាទោស ចំពោះបទល្មើស ឬជាកម្រង​អត្ថបទច្បាប់បែបវិទ្យាសាស្រ្តសង្គម ដែលសិក្សាអំពីបទល្មើស និងទណ្ឌកម្ម។ តាមន័យទូលាយ នីតិព្រហ្មទណ្ឌ ជាសំណុំវិធានច្បាប់សម្រាប់ផ្តន្ទាទោស អ្នកប្រព្រឹត្តខុសនឹងច្បាប់រដ្ឋ ហើយបទល្មើសនោះត្រូវ​បានចែងទុកជាមុននៅក្នុងច្បាប់។
                                                    ​
មុខងារនៃនីតិព្រហ្មទណ្ឌ។
-នីតិព្រហ្មទណ្ឌមានមុខងារសំខាន់ៗជាច្រើនដូចជា :
          -ការពារសិទ្ធិសេរីភាព កិត្តិយស សេចក្តីថ្លៃថ្នូ ផលប្រយោជន៌ស្របច្បាប់ របស់ ប្រជាពលរដ្ឋ ជាពិសេស​ផលប្រយោជន៌សាធារណៈ
          -ស្តានីតិសម្បទារបស់ជនល្មើស
          -ទប់ស្កាត់ និងបញ្ឈប់ជាបន្ទាន់នូវការប្រព្រឹត្តបទល្មើសទាំងបច្ចុប្បន្ន និងអនាគត
          -រក្សារបៀបរៀបរយសាធារណៈ និងសណ្តាប់ធ្នាប់សង្គម
-ធ្វើឲ្យសង្គមមានយុត្តិធម៌
-បញ្ចូលទណ្ឌិតចូលទៅក្នុងសង្គមវិញ។

នីតិព្រហ្មទណ្ឌត្រូវបានចែកចេញជាប៉ុន្មានសណ្ឋាន?
-នីតិព្រហ្មទណ្ឌត្រូវបានចែកចេញជាបីសណ្ឋានគឺ : នីតិព្រហ្មទណ្ឌទូទៅ នីតិព្រហ្មទណ្ឌ ពិសេស និង នីតិព្រហ្មទណ្ឌ។
          -នីតិព្រហ្មទណ្ឌទូទៅ ជាកម្រងអត្ថបទច្បាប់ដែលសិក្សាអំពីគោលការណ៌ទូទៅ ដូចជា ការសិក្សាលើ​បទល្មើស ចំណាត់ថ្នាក់នៃបទល្មើស ចរិតលក្ខណៈនៃបទល្មើស ដំណាក់កាលនៃការ ប្រព្រឹត្តបទល្មើស ធាតុផ្សំនៃបទល្មើស និងជាពិសេសសិក្សាលើគោលការណ៌ការអនុវត្តទោស។ល។
-នីតិព្រហ្មទណ្ឌពិសេស ជាកម្រងអត្ថបទច្បាប់ដែលសិក្សា អំពីបទល្មើស ប្រភេទបទល្មើស និងអំពីទោស ប្រភេទនៃទោស ដូចជាទោសក្នុងបទឧក្រិដ្ឋ បទមជ្ឈិម និងបទលហុជាដើម។ អត្ថបទច្បាប់នេះសិក្សាលើនិយមន័យ អត្ថន័យ និងធាតុផ្សំនៃបទល្មើសនីមួយៗ។ ឧ. បទរំលោភ សេពសន្ថវៈ បទបង្ករបួសស្នាម។
-នីតិវិធីព្រហ្មទណ្ឌ ជាកម្រងអត្ថបទច្បាប់ ដែលសិក្សាអំពីវិធានទាំងឡាយស្តីពីការរៀបចំ ការប្រព្រឹត្ត​ទៅ​នៃស្ថាប័នតុលាការព្រហ្មទណ្ឌគ្រប់ជាន់ថ្នាក់ និងកំណត់នូវវិធានស្តីពីនីតិវិធីចោទប្រកាន់ នីតិវិធីស៊ើប​អង្កេត នីតិជំនុំជម្រះ ព្រមទាំងកំណត់អំពីសិទ្ធិអំណាចទាំងឡាយនៃអង្គចៅក្រម មេធាវី មន្រ្តីនគរបាលមន្រ្តីយុត្តិធម៌ គូភាគី សាក្សី អ្នកជំនាញ។ល។

ចូរបង្ហាញពីរចនាសម្ព័ន្ធសាលាជម្រះក្ដីនៅព្រះរាជាណាចក្រកម្ពុជា?
សាលាជម្រះក្តីនៅព្រះរាជាណាចក្រកម្ពុជា បានចែកចេញជាពីរថ្នាក់ គឺតុលាការ ជាន់ទាប និង​តុលាការជាន់​ខ្ពស់។​ តុលាការជាន់ទាប : សាលាដំបូងរាជធានី ខេត្ត និង​ តុលាការយោធា។​ តុលាការជាន់ខ្ពស់ : សាលាឧទ្ធរណ៌ និង​ តុលាការកំពូល។

និយមន័យបទល្មើស (តាមក្រមព្រហ្មទណ្ឌឆ្នាំ២០១០)។
-បទល្មើសជាអំពើប្រព្រឹត្តដោយចេតនាក្តី ឬ អចេតនាក្តីដែលបង្កគ្រោះថ្នាក់ដល់សង្គម ហើយត្រូវ​ផ្តន្ទាទោស​តាមការកំណត់ទុកជាមុននៃច្បាប់ព្រហ្មទណ្ឌ។

ដោយយោងទៅតាមច្បាប់ ដើម្បីកំណត់ថាអំពើមួយជាបទល្មើសលុះត្រាតែមានធាតុផ្សំប៉ុន្មាន​យ៉ាង?
-ដើម្បីកំណត់ថាអំពើមួយជាបទល្មើសបាន លុះត្រាតែមានធាតុផ្សំ៣យ៉ាង : ធាតុនីត្យានុកូល ឬធាតុច្បាប់​ ធាតុសត្យានុម័ត ឬធាតុសម្ភារៈ និងធាតុអត្តនោម័ត ឬធាតុចិត្តសាស្រ្ត។
ធាតុនីត្យានុកូល : មានតែអំពើដែលបង្កើតជាបទល្មើសនៅពេល ដែលអំពើនោះ មានចែងក្នុង បទបញ្ញត្តិព្រហ្មទណ្ឌជាធរមានប៉ុណ្ណោះ ទើបត្រូវផ្តន្ទាទោសព្រហ្មទណ្ឌបាន។
ធាតុសត្យានុម័ត : អំពើទាំងឡាយដែលប្រព្រឹត្តក្រោមរូបភាព សកម្ម ឬ អកម្ម ប៉ុន្តែវាមានចរិតលក្ខណៈ​គ្រោះថ្នាក់ដល់សង្គម។
ធាតុអត្តនោម័ត : ធាតុអត្តនោម័តនៃបទល្មើស គឺជាគំនិត ឬភាវៈផ្លូវចិត្តរបស់ឧក្រិដ្ឋជន នៅពេលណា​ដែលគេមានបំណងប្រព្រឹត្តបទល្មើស។
គោលការណ៍នីត្យានុកូលភាព។
-ជាគោលការណ៌មួយដែលតាមរយៈគោលការណ៌នេះ គ្មានអំពើល្មើសណាមួយត្រូវ​បានផ្តន្ទាទោស​ទៅលើជន​ល្មើសណាមួយ ដោយគ្មានចែងទុកជាមុននៅក្នុងច្បាប់ព្រហ្មទណ្ឌ ជាធរមាននោះទេ។
លក្ខខ័ណ្ឌនៃបត្យាប័ន។
- ត្រូវមានអត្ថបទគតិយុត្ត : បត្យាប័នត្រូវធ្វើឡើងតាមរយៈសន្ធិសញ្ញា ឬអនុសញ្ញា អន្តរជាតិ​ គេមិនអាចធ្វើ​បានឡើងបើគ្មានសន្ធិសញ្ញាអន្តរជាតិរវាងប្រទេសមួយ នឹងប្រទេស មួយឡើយ។
- ទាក់ទងនឹងបត្យាប័នមានតែរដ្ឋបីប្រភេទដែលមានសិទ្ធិធ្វើបត្យាប័ន :
  - រដ្ឋដែលបទល្មើសបានប្រព្រឹត្តនៅក្នុងដែនដីរបស់ខ្លួន
- រដ្ឋដែលបុគ្គលនោះមានសញ្ជាតិ
- រដ្ឋរងគ្រោះ ឬ ខូចប្រយោជន៌ដោយសារបទល្មើស។
​​​   - លក្ខខណ្ឌទាក់ទងនឹងបទល្មើស : បត្យាប័នអាចធ្វើទៅបាន​ លុះត្រាអំពើដែលត្រូវចោទប្រកាន់​លើ​បុគ្គលដែលគេទាមទារនោះ ជាបទល្មើសតាមច្បាប់របស់រដ្ឋធ្វើសំណើរផង និង​ តាមច្បាប់​កម្ពុជាផង។

នីតិវិធីនៃបត្យាប័ន។
-ដំបូងរដ្ឋស្នើសុំ ត្រូវប្រគល់ពាក្យសុំធ្វើបត្យាប័នជូនរដ្ឋាភិបាលតាមផ្លូវទូត។ ពាក្យសុំ នេះត្រូវមាន លិខិតបញ្ជាក់ភស្តុតាងអមជាមួយផងមកក្រសួងការបរទេស រដ្ឋមន្រ្តី ក្រសួងបរទេសបញ្ជូនពាក្យសុំ​ឲ្យធ្វើបត្យាប័ន និងលិខិតបញ្ជាក់ភស្តុតាងទៅរដ្ឋមន្រ្តីក្រសួង យុត្តិធម៌។

ចូរបង្ហាញអំពីលក្ខខ័ណ្ឌបទល្មើសបានសម្រេច។
-បទល្មើសមួយចាត់ទុកថាបានសម្រេច នៅពេលដែលវាមានគ្រប់ធាតុផ្សំនៃបទល្មើស ពោលគឺ នៅពេលដែល​ជនល្មើសបានបំពេញនូវគោលដៅ និង គោលបំណងរបស់ខ្លួន បានសម្រេច។

ចូរបង្ហាញអំពីលក្ខខ័ណ្ឌបទល្មើសមិនបានសម្រេច។
          -ចំពោះបទល្មើសមិនបានសម្រេច ជាអំពើប្រព្រឹត្តដោយចេតនា ក៏ប៉ុន្តែអំពើប្រព្រឹត្តនោះ មិនទាន់ចប់​នៅឡើយ ដោយសារមូលហេតុផ្សេងមកបង្អាក់សកម្មភាពនេះ ហើយក្រៅពីឆន្ទៈ របស់ជនល្មើស។

ចូរបង្ហាញអំពីលក្ខខ័ណ្ឌនៃបំណងឧក្រិដ្ឋ។
-បំណងឧក្រិដ្ឋ គឺជាឆន្ទៈឆ្ពោះទៅរកការសម្រេចបទល្មើស។ ពោលគឺជា សកម្មភាពដែលកើតចេញពី​សតិឧក្រិដ្ឋជនបានសេចក្តីថា នៅពេលប្រព្រឹត្តបទល្មើស ជនល្មើសបានយល់ដឹងច្បាស់លាស់នូវចរិតគ្រោះ​ថ្នាក់ដល់សង្គមនៃអំពើរបស់ខ្លួន។

តើការបែងចែកបទល្មើសតាមបញ្ញត្តិច្បាប់យ៉ាងដូចម្ដេច?
-បទល្មើសត្រូវបានចាត់ថ្នាក់ជា៣ថ្នាក់គឺ បទឧក្រិដ្ឋ បទមជ្ឈិម និង បទលហុ។
បទឧក្រិដ្ឋ ជាបទល្មើសដែលមានទណ្ឌកម្មធ្ងន់ធ្ងរបំផុត ទោសដែលត្រូវដាក់​ពន្ធនាគារ​មានរយៈ​ពេល​លើសពី៥ឆ្នាំ ដល់៣០ឆ្នាំ ឬដាក់ពន្ធនាគារអស់មួយជីវិត។
បទមជ្ឈិម ជាបទល្មើសដែលមានទណ្ឌកម្មមធ្យម ទោសដែលត្រូវ​ដាក់​គុកមានរយៈពេល​លើសពី៦​ថ្ងៃ​ដល់៥ឆ្នាំ។
បទលហុ ជាបទល្មើសដែលមានទណ្ឌកម្មស្រាលជាងគេ។
-ទោសដែលត្រូវដាក់ពន្ធនាគារមានរយៈពេលក្រោម ឬស្មើនឹង៦ថ្ងៃ។
-បទល្មើសត្រូវផ្តន្ទាទោសត្រឹមតែពិន័យជាប្រាក់ប៉ុណ្ណោះ។

ដូចម្ដេចដែលហៅថាមូលទោស?
-មូលទោសគឺជា ទោសដែលចៅក្រមអាចយកទៅសម្រេចដាច់តែឯងបាន​ ដោយមិន ចាំបាច់បញ្ចូល​ទោស​បន្ថែម​ក៏បាន ឬ បញ្ចូលទោសបន្ថែមក៏បាន។ គ្រប់បទល្មើសទាំងអស់ សុទ្ធតែត្រូវផ្តន្ទាទោសយ៉ាងហោច ណាស់ដោយមូលទោសមួយ។ មូលទោសរួមមាន ទោសដាក់ពន្ធនាគារ និង ទោសពិន័យ។

អតិបរមា និង អប្បបរមានៃមូលទោស។
-កាលបើបទល្មើសត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ច្បាប់កំណត់អំពីអប្បបរមា និង អតិបរមានៃទោស​ដាក់ពន្ធនាគារ។ កាលបើបទល្មើសត្រូវផ្តន្ទាទោសពិន័យ ច្បាប់កំណត់ អំពីអប្បបរមា និង​ អតិបរមានៃចំនួន​ទឹកប្រាក់ពិន័យដែលត្រូវទទួល។

តើទោសជំនួសមានអ្វីខ្លះ?
-ទោសជំនួសមានដូចជា ការងារសហគមន៌ និង ការស្តីបន្ទោស :
ការងារសហគមន៌គឺជា កាតព្វកិច្ចត្រូវបំពេញក្នុងថិរវេលាចន្លោះពី ៣០ម៉ោង ទៅ ២០០ម៉ោង នូវការងារ​គ្មានកម្រៃ ដែលជាប្រយោជន៌ដល់រដ្ឋ។
ការស្តីបន្ទោសដោយតុលាការ កាលបើជនជាប់ចោទរងទោសដាក់ពន្ធនាគារ ដែលមាន អតិបរមាតិច​ជាង ឬ ស្មើនឹង៣ឆ្នាំ ប្រសិនបើមានគ្រប់លក្ខខណ៣ដូចខាងក្រោម :
    - ភាពចលាចលដល់សណ្តាប់ធ្នាប់សាធារណៈ ដែលបណ្តាលមកពីបទល្មើស បានបញ្ចប់
    - ការខូចខាតត្រូវបានជួសជុលរួចហើយ
    - ជនជាប់ចោទបានបង្ហាញការធានាក្នុងការចូលទៅរួមរស់នៅក្នុងសង្គមវិញ។

គោលបំណងនៃការដាក់ទោសមានប៉ុន្មានយ៉ាង?
-គោលបំណងនៃការដាក់ទោសមាន៣យ៉ាង គឺ:
- គោលបំណងនៃការបំភិតបំភ័យ : ការដាក់ទោសលើចារី បណ្តាលឲ្យជន ដ៏ទៃទៀតដែលមាន​បំណងប្រព្រឹត្តបទល្មើស ខ្លាចរអាលែងហ៊ានប្រព្រឹត្តតទៀត ចំណែកឯជន មិនទាន់ប្រព្រឹត្ត ក៏មាន​ការ​ភ័យខ្លាចនឹងប្រព្រឹត្តបទល្មើសដែរ។
- គោលបំណងនៃការសងប្រាក់ : ការធ្វើបែបនេះក្នុងគោលបំណង ធ្វើឱ្យការឈឺ ចាប់ខាងផ្លូវចិត្ត​របស់ជនរងគ្រោះមានការធូរស្បើយ និង​ មតិសាធារណៈបានរំងាប់ ស្ងប់ទៅវិញ។
- គោលបំណងនៃការអប់រំកែប្រែ : ការអប់រំជាថ្នាល បណ្តុះពុទ្ធិ អប់រំស្មារតី តាមសភាវៈផ្លូវចិត្តរបស់​ជនល្មើស ដើម្បីដាស់សតិរបស់ជននោះឲ្យមាន ស្មារតីភ្ញាក់រលឹក ខិតខំហាត់ពត់ លត់ដំ សិក្សារៀនសូត្រ​​អប់​រំ​ខ្លួនឲ្យប្រែក្លាយជាពលរដ្ឋល្អ ដែលមាន ប្រយោជន៌ដល់សង្គម។

ទោសមានចរិតលក្ខណៈប៉ុន្មានយ៉ាង?
-ទោសមានចរិតលក្ខណៈ៣យ៉ាងគឺ :
- នីត្យានុកូលភាពនៃទោស : ទោសទាំងអស់ត្រូវតែមាននៅក្នុងច្បាប់ ហើយ កំពុងតែស្ថិតនៅជា​ធរមានទៀតផង បើគ្មានច្បាប់ចែងទេនោះ ចៅក្រមមិនអាចយក ទោសនោះមកធ្វើការប្រកាសបានឡើយ។
- សមភាពនៃទោស : ក្នុងការដាក់ទោស គេមិនត្រូវគិតអំពីតួនាទី ឋានៈ នៅក្នុងសង្គមរបស់អ្នក​ត្រូវបានផ្តន្ទាទោសនោះទេ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃ ព្រះរាជាណាចក្រកម្ពុជា មាត្រា៣១។
- ឯកត្តកម្មនៃទោស : បុគ្គលម្នាក់ៗត្រូវទទួលខុសត្រូវព្រហ្មទណ្ឌតែចំពោះអំពើផ្ទាល់របស់ខ្លួន​ប៉ុណ្ណោះ។ តាមគោលការណ៌នេះ ចៅក្រមមិនអាចធ្វើការប្រកាសទោសនៅលើ ក្រុមគ្រួសារ ឬមិត្តភក្រ័​របស់ជនល្មើសបានឡើយ។

Popular posts from this blog

សំណួរប្រឡងវិទ្យាសាស្រ្តនយោបាយ

នីតិវិធីនៃការបង្កើតច្បាប់នៅប្រទេសកម្ពុជា ដោយសង្ចេប