សំណួរប្រឡងវិទ្យាសាស្រ្តនយោបាយ
សំណួរប្រឡងវិទ្យាសាស្រ្តនយោបាយ
១-ចួរពន្យល់ពីទស្សនៈទូទៅជុំវិញអត្ថន័យនយោបាយ?
-នយោបាយជារឿងរបស់វណ្ណៈអ្នកគ្រប់គ្រងដែលត្រូវតែប្រើអំណាច ដើម្បីគ្រប់គ្រងប្រទេស ដើម្បីរៀបចំសណ្តាប់ធ្នាប់ក្នុងប្រទេស ដើម្បីប្រមូលធនធានក្នុងការអភិវឌ្ឍប្រទេស ហើយក៏ជាតួនាទីរបស់អ្នកនៅក្រោមការគ្រប់គ្រងដែលត្រូវតែស្តាប់បង្គាប់ និង ប្រតិបត្តិតាមដោយម៉ឺងម៉ាត់នូវវិន័យ និង ច្បាប់។
-នយោបាយជារឿងស្វែងរកអំណាចដើម្បីប្រើអំណាចទាំងនោះ ស្វែងរកផលប្រយោជន៌សម្រាប់ខ្លួនឯង ការយល់ឃើញបែបនេះអាស្រ័យដោយអ្នកទាំងនោះធ្លាប់បានទទួលរងសម្ពាធពីនយោបាយបុគ្គលដែលមានជំនឿបែបនេះ មានអារម្មណ៌ស្អប់ខ្ពើមនយោបាយ ហើយមិនចង់ចូលរួមពាក់ព័ន្ធ។
-តាមទស្សនៈប្រជាជនសាមញ្ញយល់ឃើញថា នយោបាយគឺជា នយោបាយបោក និង ជាការងារខ្មៅកខ្វក់។
២-តើវិទ្យាសាស្រ្តនយោបាយមានប្រភពសំខាន់ៗអ្វីខ្លះ?
១- ទស្សនៈនយោបាយ
ក- ប្រវត្តិនៃគំនិតនយោបាយ
ខ- ទស្សនៈនយោបាយ
២- ស្ថាប័ននយោបាយ
ក- រដ្ឋធម្មនុញ្ញ
ខ- រដ្ឋាភិបាលកណ្តាល
គ- រដ្ឋាភិបាលក្នុងតំបន់ និងមូលដ្ឋាន
ឃ- រដ្ឋបាលសាធារណៈ និង គោលនយោបាយសាធារណៈ
ង- មុខងារនៃសេដ្ឋកិច្ច និង សមាគមនៃរដ្ឋាភិបាល
ច- ការប្រៀបធៀប និង ការវិភាគនៃស្ថាប័ននយោបាយ
៣- ក្រុមគណបក្ស និង មតិយោបល់សង្គម
ក- គណបក្សនយោបាយ
ខ- ក្រុមមនុស្ស និង សមាគម
គ- ការចូលរួមរបស់ប្រជាជនក្នុងរដ្ឋាភិបាល និង រដ្ឋបាល
ឃ- មតិយោបល់របស់សង្គម
៤- ទំនាក់ទំនងអន្តរជាតិ
ក- ទស្សនៈនៃទំនាក់ទំនងអន្តរជាតិ
ខ- នយោបាយអន្តរជាតិ
គ- ច្បាប់អន្តរជាតិ
ឃ- នយោបាយ និង អង្គការអន្តរជាតិ
៣-ចូរពន្យល់ពីពុទ្ធិនយោបាយមានប្រភពសំខាន់អ្វីខ្លះ?
-ពុទ្ធិនយោបាយមានសារៈសំខាន់២គឺ សម្រាប់បុគ្គល និង សម្រាប់សង្គមទាំងមូល :
សម្រាប់បុគ្គល
-ដើម្បីកុំឱ្យធ្លាក់ទៅក្នុងស្ថានភាពចាញ់បោកគេ ឬ ចាញ់បោកនយោបាយគេ
-ដើម្បីចេះវិភាគ និង កំណត់ច្បាស់លាស់ថា អ្នកណាជានយោបាយបោកប្រាស់
-ដើម្បីឱ្យមានគតិយុត្តចូលរួមក្នុងការបោះឆ្នោត ការស្ទង់ប្រជាមតិដើម្បីកុងត្រូលចំពោះការងាររដ្ឋអំណាច និង នីតិវិធីប្រជាធិបតេយ្យ
-ដើម្បីឱ្យយល់ដឹងនូវដំណើរការនយោបាយកំពុងតែឋិតលើផ្លូវត្រូវ ឬ ផ្លូវខុស
-ដើម្បីឱ្យចេះជ្រើសរើសយករបបគ្រប់គ្រងណាមួយសម្រាប់ខ្លួនឯង និង ប្រទេសជាតិ។
សម្រាប់សង្គមទាំងមូល : នៅពេលប្រជាជនមានចំណេះដឹងផ្នែកនយោបាយ ពួកកកនឹងមានភាពស្មោះត្រង់ចំពោះជាតិ និង អរិយធម៌សង្គម ស្ថិតក្នុងមនសិការស្នេហាជាតិ ជាពលរដ្ឋមានសេរីភាព និង មានការទទួលខុសត្រូវខ្ពស់ចំពោះទង្វើរបស់ខ្លួន ហើយដែលមិនបណ្តោយខ្លួនឱ្យធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់ជនអត្តទត្ថបុគ្គល និង អ្នកនយោបាយអសមត្ថភាព ។
៤-ចូរពន្យល់នយោបាយជាសិល្បៈនៃការរស់នៅជាមួយគ្នាក្នុងសង្គម?
-សិល្បៈនៃការរស់នៅជាមួយគ្នាក្នុងសង្គម គឺជាទស្សនៈរបស់លោក ផ្លាតុង ដែលគាត់មានទស្សនៈថា នយោបាយគឺជា កិច្ចការស្តីអំពីការរៀបចំធ្វើឱ្យជីវិតរស់នៅរបស់មនុស្សក្នុងសង្គមមានភាពរលូនក្នុងការរស់នៅជាមួយគ្នា។ មនុស្សទាំងឡាយមានលក្ខណៈខុសៗគ្នាទាំងអស់ ខ្លះពេញលក្ខណៈ ខ្លះមិនពេញលក្ខណៈ ខ្លះទៀតអត្តទត្ថបុគ្គល ពួកគេទាំងអស់នោះពិបាកនឹងរស់នៅជាមួយគ្នាណាស់។ ក៏ប៉ុន្តែក្នុងពេលជាមួយគ្នានោះ គេត្រូវការគ្នាទៅវិញទោមក និងជាក្រិតក្រម ពួកគេមិនអាចរស់នៅឯកោបានឡើយ គឺពួកគេត្រូវរស់នៅជាមួយក្នុងសង្គម។ នយោបាយជួយឱ្យពួកគេធ្វើអ្វីៗប្រកបដោយសុភវិនិច្ឆ័យ មនុស្សធម៌ គោរពច្បាប់ ក្រមសីលធម៌ និង បែបជឿនលឿន។
៥-ចូរពន្យល់ពីការចូលរួមក្នុងសកម្មភាពនយោបាយ?
-ការចូលរួមក្នុងសកម្មភាពនយោបាយគឺជា កិច្ចការរបស់ប្រជាជន សមាគម អង្គការ គណបក្សដើម្បីទាមទារឱ្យបាននូវគោលបំណងរបស់ខ្លួន ដោយឈរលើមូលដ្ឋានច្បាប់ សិទ្ធិ សេរីភាពចំណេះដឹង លទ្ធភាព និង សមត្ថភាព។ ការចូលរួមក្នុងសកម្មភាពនយោបាយពីសំណាក់ ប្រជាជន និង អង្គការនានា មានសារៈសំខាន់ណាស់ ដែលជាលទ្ធផលបានបង្ហាញឱ្យឃើញនូវសមិទ្ធិផល និង ការផ្លាស់ប្តូរជាច្រើនក្នុងប្រទេសរបស់ពួកគេ។ ការចូលរួមក្នុងសកម្មភាពនយោបាយនេះបណ្តាលមកពី ប្រជាជនចង់បានមេដឹកនាំល្អ មានការឈឺចាប់ ការមិនពេញចិត្តពីសំណាក់អំណាចនយោបាយណាមួយ និង ដើម្បីបំពេញតួនាទីជាពលរដ្ឋល្អ។ ប៉ុន្តែក៏មានប្រជាជនមួយចំនួនស្អប់ខ្ពើម មិនចង់ចូលរួមក្នុងសកម្មភាពនយោបាយផងដែរ ដោយសារពួក គេ គ្មានចំណេះដឹង គ្មានសេចក្តីក្លាហាន គ្មានពុទ្ធិនយោបាយ គ្មានមូលដ្ឋានគាំទ្រច្បាស់លាស់ និង ជាពិសេសធ្លាប់ជាជនរងគ្រោះនយោបាយ។
ឧ. ធ្លាប់ចូលរួមធ្វើបាតុកម្មដើម្បីឱ្យមានការផ្លាស់ប្តូរ ប៉ុន្តែជាលទ្ធផលគ្មានទទួលបានផលប្រយោជន៌អ្វីឡើយ ថែមទាំងត្រូវប៉ូលិសបាតុកម្ម វៃឡើងច្រាស់ក្អែលទៀតផង។
៦-តើប្រព័ន្ធនយោបាយសម្រាប់គ្រប់គ្រងសង្គមសំខាន់ៗមានអ្វីខ្លះ?
-ប្រព័ន្ធនយោបាយសម្រាប់គ្រប់គ្រងសង្គមសំខាន់ៗមាន ៤ :
-អនុប្រព័ន្ធសេដ្ឋកិច្ច : ផ្នែកផ្គត់ផ្គង់វត្ថុប្រើប្រាស់ដែលជាតម្រូវការរបស់ប្រជាជន ពោលគឺដឹកនាំនយោបាយសេដ្ឋកិច្ច។
-អនុប្រព័ន្ធនយោបាយ : ការដាក់ចេញនូវគោលនយោបាយមួយ ឬ ក៏សំណូមពរដែលមានហេតុផលពិតប្រាកដ និង ជំរុញឱ្យការដឹកនាំមានភាពរលូន ជំរុញឱ្យពលរដ្ឋគោរពនូវកាតព្វកិច្ច ដើម្បីសម្រេចទិសដៅនយោបាយរបស់រដ្ឋ។
-អនុប្រព័ន្ធសង្គម : គ្រប់គ្រងសង្គមតាមក្រិតច្បាប់ ទ្រឹស្តី វិន័យ វត្ថុមានតម្លៃជាច្រើនដែលជាកត្តាជំរុញយ៉ាងសំខាន់ ធ្វើឱ្យសង្គមមានភាពធ្លុយមួយ មានសណ្តាប់ធ្នាប់ និង ដោះស្រាយនូវផលវិបាកផ្សេងៗរបស់សង្គម។
-អនុប្រព័ន្ធសាសនា : ការប្រមូលផ្តុំមនុស្សក្នុងសង្គមភ្ជាប់ទំនាក់ទំនង និង រក្សានូវចំណងសាមគ្គីភាពរវាងខាងសាខា ឬ ផ្នែកៗ របស់គេទាំងអស់ ក្នុងគោលបំណងអប់រំសីលធម៌ដល់សង្គមទាំងមូល។
៧-តើមុខងារសំខាន់ៗរបស់មេដឹកនាំនយោបាយមានអ្វីខ្លះ?
-មុខងារសំខាន់ៗរបស់មេដឹកនាំនយោបាយមានដូចជា :
-មុខងារបង្រួបបង្រួម : ក្នុងតួនាទីជាមេដឹកនាំ ត្រូវតែយល់ព្រមក្នុងការបង្រួបបង្រួមរវាង ក្រុមមនុស្ស ដែលមានតម្រូវការផ្សេងៗគ្នា ឲ្យស្ថិតទៅលើឧត្ដមគតិ និង តម្រូវការតែមួយ។
-មុខងារវិភាគនយោបាយ : ជួយធ្វើវិភាគ និង វាយតម្លៃទៅលើស្ថានភាពនយោបាយ ទុកជាមុន។ ជួយប្រមើលមើលឲ្យឃើញពីមូលហេតុដែលនាំឲ្យកើតមាននូវវិបត្តិនយោបាយ និង ជំងឺសង្គម។
-មុខងារជួយតម្រង់ទិសដៅ : ជ្រើសរើស និង កំណត់ទិសដៅនយោបាយមួយច្បាស់លាស់ ឈានទៅសម្រេចគោលដៅ ដែលជាអត្ថប្រយោជន៍រួមរបស់មហាជន។ មុខងារនេះទទួលខុសត្រូវ ដោះស្រាយរាល់បញ្ហាសង្គមទាំងអស់។
-មុខងារប្រមូលផ្តុំឆន្ទៈស្មារតីប្រជាជន : ធ្វើឲ្យពលរដ្ឋមានការត្រេកត្រអាលមានការ ចូលចិត្តចំពោះមេដឹកនាំ ចំពោះទេពកោសល្យរបស់គាត់ដែលខំប្រឹងប្រែងធ្វើឲ្យវិស័យសេដ្ឋកិច្ចមាន សន្ទុះទៅមុខ និង នយោបាយមានស្ថិរភាព។
-មុខងារអភិបាលកិច្ច : ធានារ៉ាប់រងនូវសំណើយុត្តិធម៌អំពើស្របច្បាប់ និង សណ្ដាប់ធ្នាប់ ហើយការពារពលរដ្ឋពីរបៀបគ្រប់គ្រងការិយាល័យនិយម អំពើមិនស្របច្បាប់ ល្មើសច្បាប់ និងសេរីភាព របស់ពលរដ្ឋ។
-មុខងារនិរន្តរកម្ម និង បង្កើតយន្តការរវាងអ្នកដឹកនាំ និង មហាជន : ធ្វើឱ្យប្រជាជនមានទំនុកចិត្តលើរដ្ឋាភិបាល ការពារយុត្តិធម៌ មិនឱ្យកើតមានអំពើពុករលួយ និង មិនឱ្យប្រជាជនស្អប់ខ្ពើមរដ្ឋអំណាច។
-មុខងារផ្តើមគំនិតលើកស្ទួយស្មារតី : ត្រូវការពារប្រពៃណីរបស់ប្រជាជន ផ្គត់ផ្គង់នូវការវិវឌ្ឍន៍របស់សង្គម ឱ្យមហាជនមានជំនឿទៅលើតម្លៃសង្គម និង ធ្វើឱ្យមហាជនមានជំនឿជាក់លើការដឹកនាំរបស់ខ្លួន។
៨-តើធម្មជាតិនៃអំណាចមានន័យដូចម្តេចខ្លះ?
-ធម្មជាតិនៃអំណាចមានឥទ្ធិពលទូទៅលើសង្គមមនុស្សពិសេស គឺការធ្វើឱ្យនយោបាយមានភាពសុក្រិត។ បើគ្មានអំណាចទេនោះ ក្នុងសង្គមពោរពេញទៅដោយភាពអនាធិបតេយ្យគ្មានសណ្តាប់ធ្នាប់។ គោលបំណងសំខាន់របស់អំណាច ជាពិសេសអំណាចនយោបាយ គឺការសម្របសម្រួលមុខងារដឹកនាំសង្គម និង មុខងារដឹកនាំប្រទេសទាំងមូល។
៩-តើអំណាចស្របច្បាប់មានន័យដូចម្តេច?
-អំណាចស្រប់ច្បាប់មានន័យថា ជាការបង្កើតអំណាចឡើងដោយមានការទទួលស្គាល់ពីប្រជាពលរដ្ឋទូទៅ ហើយតាមច្បាប់ត្រឹមត្រូវ និង មានបំណងរក្សាតម្លៃសង្គម រក្សាផលប្រយោជន៌សង្គម បង្កើតឱ្យមានភាពយុត្តិធម៌ តម្លាភាព និង របៀបរៀបរយក្នុងសង្គម។
១០-ចូរពន្យល់អំពីទំនាក់ទំនងរវាងនយោបាយ និង សាសនា?
-សាសនា គឺជាផ្នែកមួយនៃវប្បធម៌របស់មនុស្ស ដែលរស់នៅលើពិភពលោក ហេតុដូច្នេះហើយការប្រឹងប្រែងដើម្បីប្រឆាំងនឹងសាសនា ទីបំផុងតែងតែជួបប្រទះនឹងការរំលំរលាយ។ នៅក្នុងអតីតកាល នៅក្នុងប្រទេសសង្គមនិយមមានគំនិតមួយគ្របសង្កត់ពីលើសាសនា ហើយយល់ថាគ្មានទីកន្លែងនៅក្នុងរង្វង់នៃប្រព័ន្ធសាសនាសង្គមទេ។ ដូចជាលទ្ធិម៉ាក្សអញ្ចឹង គឺតែងតែប្រឆាំងនឹងសាសនា។ នៅក្នុងទំនាក់ទំនងនេះ បានធ្វើឱ្យទំនាក់ទំនងរវាងសាសនា និង នយោបាយមិនស្ថិតស្ថេរទេ។ សាសនាជាមូលដ្ឋានបង្កើតឱ្យមានសីលធម៌នៅក្នុងសង្គម បើគ្មានសីលធម៌នេះ រដ្ឋមិនអាចស្ថិតស្ថេរ និង បំពេញនាទីរបស់ខ្លួន ត្រង់នេះហើយដែលបង្ខំឱ្យរដ្ឋវាយតម្លៃខ្ពស់ចំពោះតួនាទីសាសនា។
១១-តើនយោបាយស្ថេរភាពមានន័យដូចម្តេច?
-នយោបាយស្ថេរភាពមានន័យថា រដ្ឋដែលមាននីតិប្រតិបត្តិមានមូលដ្ឋានរឹងមាន មានប្រសិទ្ធិភាពក្នុងការងារ និង យកច្បាប់ជាមូលដ្ឋាន។ នយោបាយស្ថេរភាព គឺនៅពេលគ្រប់មែកធាងទាំងអស់របស់រដ្ឋអំណាចធ្វើការធម្មតា និង ផ្តល់ឱ្យសង្គមនូវច្បាប់ប្រជាធិបតេយ្យ សណ្តាប់ធ្នាប់និង សេចក្តីយល់ព្រមពីពលរដ្ឋ។
១២-ចូរពន្យល់ស្ថាប័ននយោបាយជាឧបករណ៌នៃស្ថេរភាពនយោបាយ?
-ស្ថាប័ននយោបាយជាឧបករណ៌នៃស្ថេរភាពនយោបាយ នេះបានន័យថា ស្ថាប័ននយោបាយទាំងអស់ត្រូវតែបង្រួបបង្រួមគ្នា។ កាលណារចនាសម្ព័ន្ធនៃការគ្រប់គ្រងមានប្រសិទ្ធិភាព និង ស្របច្បាប់ ការគ្រប់គ្រងមានភាពហ្មត់ចត់ កត្តាទាំងនេះញុំាងឱ្យប្រព័ន្ធនយោបាយកាន់តែមានស្ថេរភាព។ ទន្ទឹមនឹងនេះដែរ ប្រសិនបើការគ្រប់គ្រងប្រកបទៅដោយលក្ខណៈស្មុគស្មាញ ហើយអវត្តមាននូវធាតុពីរក្នុងចំណោមធាតុ ប្រសិទ្ធិភាព និង ស្របច្បាប់នោះ ពេលនោះហើយប្រព័ន្ធនយោបាយគ្មានស្ថេរភាពដែរ។
១៤-តើគោលការណ៌សំខាន់ៗនៃនីតិរដ្ឋមានអ្វីខ្លះ?
-គោលការណ៌សំខាន់ៗនៃនីតិរដ្ឋមាន ៦ :
-ឧត្តមភាពនៃច្បាប់ក្នុងសង្គម
-សមភាពចំពោះមុខច្បាប់
-សិទ្ធិ និង សេរីភាព គឺជាអត្ថិភាព
-រដ្ឋ និងពលរដ្ឋមនីមួយៗត្រូវមានការទទួលខុសត្រូវទៅវិញទៅមក
-ឯករាជ្យនៃអំណាចតុលាការ
-អំណាចស្របច្បាប់
-ការបែងចែងអំណាច
-ភាពត្រឹមត្រូវតាមបញ្ញត្តិច្បាប់នៃរាល់ទង្វើរបស់រដ្ឋ និង អង្គការរដ្ឋ។
១៥-តើប្រភេទនៃសង្គមស៊ីវិលមានអ្វីខ្លះ?
ប្រទេសនៃសង្គមស៊ីវិលមាន ៣ប្រភេទធំៗ គឺ អង្គការ សមាគម និង ក្រុម។ បើទោះបីជាប្រទេសនៃសង្គមស៊ីវិលត្រូវបានបែកចេញជា ៣ប្រភេទក៏ដោយ ប៉ុន្តែវាដើរតួដូចៗគ្នាទាំងអស់ក្នុងការការការពារសុវត្ថិភាព ការពារប្រយោជន៌ជាតិដល់ជីវិតសាមញ្ញ ឬដល់កិច្ចការទាំងឡាយរបស់ ពលរដ្ឋដោយមិនមែនជាកិច្ចការរបស់កងទ័ព ឬ បុព្វជិតសាសនា។
១៦-ចូរនិយាយពីមុខងារសង្គមស៊ីវិលនៅកម្ពុជាមានលក្ខណៈដូចម្តេច?
មុខងារសង្គមស៊ីវិលនៅកម្ពុជាមានលក្ខណៈដូចតទៅ :
-តួនាទីអប់រំ : ការអប់រំដើរតួយ៉ាងសំខាន់ក្នុងការស្ថាបនា កែប្រែបេះដូងមនុស្សជាតិឱ្យក្លាយពីភាពឃោរឃៅព្រៃផ្សៃដូចសត្វធាតុមកជាបេះដូងដ៏មានតម្លៃ ដែលស្រឡាញ់សន្តិភាព ស្អប់ខ្ពើមសង្រ្គាម និង ការបង្ហូរឈាម។
-តួនាទីជាដៃគូរបស់រដ្ឋាភិបាល : ទោះបីជាកិចការដឹកនាំជាកិច្ចការរបស់រដ្ឋមែន ប៉ុន្តែការងារនេះទាមទារឱ្យមានការចូលរួមពីសំណាក់ពលរដ្ឋផងដែរ។ សង្គមស៊ីវិលក្លាយជាដៃគូរបស់រដ្ឋាភិបាលតាមរយៈបំពេញមុខងារឃ្លាំមើល និង មុខងារអភិវឌ្ឍន៌។ សង្គមស៊ីវិលជាអ្នកពិនិត្យតាមដាន និង ឃ្លាំមើលរាល់ទង្វើរបស់រដ្ឋាភិបាលក្នុងការអនុវត្តន៌គោលនយោបាយរបស់ខ្លួន តាមការធ្វើដូច្នេះ អាចធ្វើឱ្យរដ្ឋាភិបាលមានការប្រុងប្រយ័ត្នក្នុងការបំពេញមុខងាររបស់ខ្លួនមិនបក្សពួកនិយម និង ប្រើអំណាចទទឹងទិស។
១៧-ចូរពន្យល់ពីលក្ខណៈប្រជាធិបតេយ្យមានអ្វីខ្លះ?
-ដើម្បីយល់ឲ្យច្បាស់នូវអ្វីទៅហៅថា ប្រជាធិបតេយ្យ គប្បីចាំបាច់ញែកពាក្យប្រជាធិបតេយ្យ ជាពីរផ្នែក គឺប្រជា និង អធិបតេយ្យ។ ប្រជា គឺប្រជាជន ចំណែកឯអធិបតេយ្យ គឺភាពធំ ឬ អំណាច។ ប្រជាធិបតេយ្យមានន័យថា ប្រជាជនមានភាពជាធំ ឬ អំណាចប្រជាជន។ រីឯការរៀបចំអំណាចគ្រប់គ្រងតាមលក្ខណៈប្រជាធិបតេយ្យវិញនោះគឺថា គេត្រូវទទួលស្គាល់មតិភាគតិចតាមលក្ខណៈច្បាប់ និង ស្ថាប័នប្រជាធិបតេយ្យការពារសិទ្ធិរបស់ប្រជាពលរដ្ឋគ្រប់រូប។ ក្នុងការរៀបចំអំណាចគ្រប់គ្រងនេះ មិនប្រាកដថាមតិភាគតិចចាញ់មតិភាគច្រើននោះទេ ប៉ុន្តែរដ្ឋត្រូវថ្លឹងថ្លែងមតិទាំងសងខាងនេះតាមលក្ខណៈច្បាប់ឱ្យបានត្រឹមត្រូវ។ ចំពោះសង្គមក្នុងលក្ខណៈប្រជាធិបតេយ្យ គេឱ្យតម្លៃទៅលើប្រជាពលរដ្ឋ។ សកម្មភាពជាច្រើននៃសង្គមប្រជាធិបតេយ្យនេះ ពលរដ្ឋភាគច្រើនស្វែងរកលទ្ធភាពនៃសេរីភាព និង កាទទួលត្រូវដោយស្វ័យគ្រប់គ្រងតាមបែបវិមជ្ឈការ ដោយគ្មានការគាបសង្កត់ពីរដ្ឋ។
១៨-ចូរពន្យល់ពីប្រព័ន្ធបោះឆ្នោតសំខាន់មានអ្វីខ្លះ?
-ប្រព័ន្ធឯកត្តនាម : ជាប្រព័ន្ធដែលអ្នកឈ្នះនៅក្នុងការបោះឆ្នោត គឺជាបេក្ខជនដែលទទួលសម្លេងបានច្រើនជាងគេ។
-ប្រព័ន្ធសមាមាត្រ :ប្រព័ន្ធនេះច្រើនប្រើនៅក្នុងការបោះឆ្នោតក្នុងតំបន់ ដែលមានចំនួនប្រជាជនច្រើន និង ជ័យជំនះត្រូវបានទទួលនោះ មិនមែនបេក្ខជនតែម្នាក់នោះតេ ហើយជាតំណាងមកពីគណបក្សផ្សេងៗគ្នា។
-ប្រព័ន្ធចំរុះ : ក្នុងប្រព័ន្ធនេះគេបោះឆ្នោតជ្រើសរើសយកកម្មវិធី ដើម្បីកាតព្វកិច្ចរួមចំពោះមុខប្រជាជន បំពេញនូវកាងារគ្រប់គ្រង មិនត្រឹមតែពីសំណាក់អ្នកចូលរួមបោះឆ្នោតទេ ប៉ុន្តែពីសំណាក់ស្ថាប័នដឹកនាំផងដែរ។
១៩-ចូរពន្យល់ពីរបបនយោបាយសំខាន់ៗមានអ្វីខ្លះ?
-នយោបាយសំខាន់ៗមាន៣ គឺ :
-របបកុម្មុយនិស្តផ្តាច់ការ : ជារបបដែលប្រជាជនគ្មានអំណាចអ្វីទាំងអស់ ហើយអ្នកដឹកនាំត្រួតពិនិត្យទាំងស្រុងលើប្រជាជន តាំងពីការងាររហូតដល់ការរស់នៅ និង និន្នាការផ្សេង ពោលគឺត្រួតពិនិត្យគ្រប់សកម្មភាពបុគ្គលផ្ទាល់។
-របបអាជ្ញាព្រឹត្តិ : ជារបបនយោបាយមួយបែប ដែលអំណាចនយោបាយក្តាប់យ៉ាងណែនក្នុងដៃមេដឹកនាំតែម្នាក់គត់ ហើយពុំមានស្ថាប័នណាមួយមានអំណាចខ្ពស់ជាងមេដឹកនាំឡើយ។
-របបប្រជាធិបតេយ្យ : ជារបបដែលទទួលស្គាល់ថា គ្រប់បុគ្គល ទាំងអស់ស្មើគ្នា ដោយមិនគិតពីសាសនា ជាតិសាសន៌ ភេទ ឬ ស្ថានភាពសង្គមឡើយ និង គ្រប់គ្នាមានសមភាពចំពោះមុខច្បាប់ មានសេរីភាពក្នុងការនិយាយស្តី សារ ព័ត៌មាន និង សេរីភាពក្នុងជំនឿសាសនា។